ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាលើកទឹកចិត្តឱ្យប្រទេសចិនបន្តផ្ដល់ជំនួយដល់អាស៊ាន ពិសេសក្នុងក្របខ័ណ្ឌស្ដារឡើង វិញគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតប នឹងជំងឺកូវីដ-១៩
Mon,22 November 2021 (Time 11:17 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 18នាក់)

ភ្នំពេញ :ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ លើកទឹកចិត្តឱ្យប្រទេសចិនបន្តផ្ដល់ជំនួយដល់អាស៊ាន ជាពិសេសផ្ដល់ការគាំទ្រចំពោះ ក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុង ជ្រោយរបស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលក្នុងពេលចំពោះមុខនេះ កម្ពុជាសូមលើកទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិនឡើងវិញ សំដៅពង្រឹងនិងលើកស្ទួយនូវវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកនូវអនុសាសន៍មួយចំនួន សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនងអាស៊ាន-ចិន ដែក្នុងនោះមាន ទី១. ជាមួយនឹងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ កម្ពុជាសូមអបអរសាទរចំពោះប្រទេសចិន ដែលបានស្ដារនិងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើវិញឆាប់រហ័ស ជាមួយនឹងកំណើនប្រមាណ ៩,៨ភាគរយ ក្នុងរយៈ ពេល ត្រឹមតែ ៩ខែដំបូង ក្នុងឆ្នាំ២០២១នេះ។កម្ពុជាក៏សូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។

ទី២. ជាទិសដៅទៅអនាគត កម្ពុជាសូមលើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្ដីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (MPAC 2025) និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពលំហូរទំនិញ សេវាកម្ម និងចលនាប្រជាជន។ ជាមួយគ្នានេះ បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ការទាញប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង ស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) គួរត្រូវបានជំរុញ និងយកចិត្តទុកដាក់បន្ថែម ដែលការណ៍នេះនឹងពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនឆ្នាំ២០៣០។

ទី៣. កម្ពុជាសូមគាំទ្រចំពោះការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុម័តសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចប្រជមកំពូលអាស៊ាន-ចិន ដើម្បីរំម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូអាស៊ាន-ចិន។ កម្ពុជាក៏សូមសូមស្វាគមន៍ផងដែរនូវគំនិតផ្ដួចផ្ដើមការអភិវឌ្ឍសកលរបស់ឯកឧត្ដម ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងការលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា គំនិតផ្ដួចផ្ដើមខាងលើ នឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន-ចិន ឱ្យកាន់តែមានអត្ថន័យខ្លឹមសារ ផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្ដែងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

ទី៤. អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរលើស្មារតីនៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កានៅក្នុងតំបន់។ ក្នុងស្មារតីនេះ កម្ពុជាសូមគាំទ្រគំនិតផ្ដួចផ្ដើមប្រារព្ធខួប ២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំ២០២២ខាងមុងនេះ។ កម្ពុជាក៏សូមវាយតម្លៃខ្ពស់ លើវឌ្ឍនភាពនៃការចរចាឆ្ពោះទៅរកការបញ្ចប់ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឺមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ដែរថា អញ្ជើញចូលរួមអម សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះដែរ រួមមាន ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុជននិងកីឡា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត នាំយកអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុលែងមានសំរាមទៀតហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អំណោយរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះដោះភ្លើងឆេះផ្ទះ នៅភូមិដំណាក់ពពូល ឃុំដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសីហនុមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោម ប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមា លភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ខែធ្នូនេះនៅខេត្ត ព្រះសីហនុ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
88 នាក់
ម្សិលមិញ :
313 នាក់
សប្តាហ៍នេះ :
1927 នាក់
ខែនេះ :
10555 នាក់
3 ខែនេះ :
31630 នាក់
សរុប :
136010 នាក់