(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ វិមាននៃការចង់ចាំ អតីតទំនប់អាភាព ហៅមន្ទី៤០១ ដែលមានទីតាំងនៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ទីតាំងនេះហើយជាទីដែលបនប្រល័យពូជសាសន៍ ប៉ុលពល បានយកមកធ្វើជាមន្ទីរឃុំឃាំង និងសម្លាប់ប្រជាជនស្លូតត្រង់អស់ប្រមាណជាង២ម៉ឺននាក់ ហើយដែលជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែឧសភា មានប្រជាពលរដ្ឋអញ្ជើញមកពីខេត្តកំពង់ស្ពឺ កំពង់ចាម កណ្តាល តាកែវ និងកំពង់ឆ្នាំង តែងតែមកប្រារព្ធពិធីរំលឹកដល់វិញ្ញាណក្ខន្ធរបស់សាច់ញាតិរបស់ពួកគាត់ដែលបានស្លាប់បាត់បង់ជីវិតនៅទីនេះ។ក្នុងគោលដៅដើម្បីសម្រួលដល់ការគោរពវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីរក្សាទីតាំងនេះ ឲ្យក្លាយជាទីតាំងប្រវត្តិសាស្រ្តសម្រាប់ការចងចាំ និងរំលឹកដល់ការឈឺចាប់មិនអាចបំភ្លេចបានទៅលើបនប្រល័យពូជសាសន៍ និងសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយគ្រប់រូបបានចងចាំ ដឹងលឺ និងឃើញផ្ទាល់ភ្នែក លោក ហ៊ុន ម៉ានី និងលោកស្រី បានផ្តួចផ្តើមគំនិតកសាងនូវវិមាន នៃការចងចាំនេះឡើង ដែលរំលេចដោយក្បាច់ក្បូររចនាបទខ្មែរស្ទើរតែដូចគ្នាទាំងស្រុង ទៅនឹងស្តូបនៃវាលពិឃាតបឹងជើងឯក នៅរាជធានីភ្នំពេញ និងលំអដោយសួនច្បារផ្កាដ៏ស្រស់ស្អាត និងដើមត្នោត៧ដើម ជានិមិត្តរូបនៃថ្ងៃរំដោះ៧មករា ជាថ្ងៃកំណើតទី២របស់យើង។លោក ឈឿន សុធន អភិបាលស្រុកបសេដ្ឋ បានឲ្យដឹងថា អតីតមន្ទីរ៤០១ ឬគុកទំនប់អាភាព ឬមន្ទីរអាភាព មានទីតាំងស្ថិតក្នុងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្តី។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចសីហនុ ខ្មែរក្រហមកាន់កាប់តំបន់នេះរួមទាំងតំបន់និរតីស្ទើរទាំងអស់ ដ្បិតមូលដ្ឋានតំបន់ភ្នំក្បែរៗនេះ ដែលខ្មែរក្រហមគ្រប់គ្រងជាច្រើនឆ្នាំមកហើយ។ ពេលកាន់កាប់ទីតាំងនេះពេញលេញ ខ្មែរក្រហមបានបង្កើតមន្ទីរ៤០១ នៅក្នុងឆ្នាំ១៩៧២ ដោយមានអ្នកគ្រប់គ្រងម្នាក់ឈ្មោះ ដាំ ភាព និងអនុប្រធាន ឈ្មោះ មាស ឆាន់។សូមគូសបញ្ជាក់ថា នៅក្នុងភូមិភាគនិរតីនេះ មានមន្ទីរឃុំឃាំងរបស់ខ្មែរក្រហមជាច្រើនដែលបង្កើតឡើងតាំងពីដើមទសវត្ស១៩៧០ ដូចជាមន្ទីរសន្តិសុខក្រាំងតាចាន់ នៅស្រុកត្រាំកក់ ខេត្តតាកែវ និងមន្ទីរម-១៥ ក្នុងតំបន់៣២ មន្ទីរ១៣ ក្នុងស្រុកអមលាំង និងមន្ទីរម-៩៩ ខេត្តកំពង់ស្ពឺ។យោងតាមបទសម្ភាសន៍ លោក សុខ ម៉ៅ ដែលជាអតីតជនរងគ្រោះនៅមានជីវិតពីមន្ទីរ៤០១ បានឲ្យដឹងថា នៅពេលខ្មែរក្រហមចាប់មកដល់ដំបូង លោកឃើញបរិវេណគុកនេះ មានដើមឈើធំៗព័ទ្ធជុំវិញ ក្រៅពីនេះមានព័ទ្ធបន្លាលួសជុំវិញទីតាំងគុក។ក្នុងបរិវេណគុក មានរោងកម្ពស់ប្រហែល ២ ទៅ ៣ម៉ែត្រ ជញ្ជាំងធ្វើពីឫស្ស ដំបូលប្រក់ដែកសង្ក័សី ខាងក្នុងមានគ្រែរនាឫស្សដែលមានកំពស់ជិតមួយម៉ែត្រ។ ខ្មែរក្រហមបញ្ជូនអ្នកជាប់ឃុំមកពីសមរភូមិមុខ ដោយភាគច្រើនចាប់មកពីខេត្តតាកែវ កណ្តាល និងកំពង់ស្ពឺ ហើយច្រើនចោទថា អ្នកស៊ើបការ ឬ «គិញ» អ្នកបើកយន្តហោះ គ្រូបង្រៀន ទាហានរបប លន់ នល់ ព្រះសង្ឃ អ្នកភូមិដែលមិនព្រមដើរតាមមាគ៌ារបស់ខ្មែរក្រហម និងអ្នកទាំងឡាយណាដែលចាត់ទុកថា បានប្រឆាំងនឹងការដឹកនាំ។ជាក់ស្តែង សុខ ម៉ៅ ដែលមានឪពុកជាមេឃុំ ក្នុងសម័យសម្តេចសីហនុនិងសម័យលន់ នល់ ត្រូវខ្មែរក្រហមចាប់ខ្លួនពីស្រុកស្អាង ខេត្តកណ្តាល រួចបញ្ជូនជាមួយម្តាយនិងក្មួយប្រុសស្រីពីរនាក់មកមន្ទីរ ៤០១។ ក្រៅពីអ្នកជាប់ឃុំជាជនជាតិខ្មែរ ក៏មានជនជាតិវៀតណាម ដែលនៅពេលនោះជាកងទ័ពវៀតកុង។អ្នកទោសចុងក្រោយនេះ ត្រូវសម្លាប់ចោលនៅពេលនាំមកដល់ ដោយមិនបានយកទៅសួរចម្លើយនោះទេ។ ការសម្លាប់អ្នកជាប់ឃុំជនជាតិវៀតណាម នាពេលនោះកើតឡើងស្របពេលនឹងមានការបណ្តេញកងទ័ពវៀតណាមពីសំណាក់ខ្មែរក្រហម ព្រមទាំងការបោសសម្អាតជាទូទៅចំពោះប្រជាជនខ្មែរ ដែលមានទំនាក់ទំនងនឹងវៀតណាម នៅអំឡុងឆ្នាំពិសេសកនៅពេលទ័ពវៀតណាមដកចេញពីកម្ពុជាក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស រវាងវៀតណាមខាងជើង និងអាមេរិកកាំង។នៅមន្ទីរ៤០១ ខ្មែរក្រហមបែងចែក អ្នកទោស» ជាបីប្រភេទ អ្នកជាប់ខ្នោះឈើ (ទោសធ្ងន់) ត្រូវសម្លាប់ទាំងអស់ អ្នកជាប់ខ្នោះដែក និងអ្នកទោសអត់មានដាក់ខ្ចោះ (ទោសស្រាល)។ ខ្មែរក្រហម អនុញ្ញាតឲ្យអ្នកទោសស្រាលទៅដាំបន្លែ ធ្វើស្រវ ចិញ្ចឹមសត្វ លើកទំនប់ រែកដី ជីកប្រឡាយ ជីករណ្តៅដាក់សាកសព និងកាប់គាស់ដើមឈើ។ អ្នកទោសទាំងនោះក៏ដាក់ឃុំឃាំង នៅតាមបរិវេណរោងឃុំឃាំងខុសៗគ្នាដែរ៕បរិវេណរោងឃុំឃាំងខុសៗគ្នាដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ម៉ម ប៊ុនហេង សម្ពោធឱ្យប្រើប្រាស់អគារមន្ទីរពេទ្យ១ខ្នង នៅស្រុកជាំក្សាន្ត (ammhotnews)
អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម (ammhotnews)
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០២១ និងទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ammhotnews)
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ammhotnews)
ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ក្នុងស្រុកស្ទោង (ammhotnews)
វីដែអូ
ចំនួនអ្នកទស្សនា