(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដូវទាមទារកម្ពុជាក្រោម និងការដេញថ្លៃសាំង ជិតចូលមកដល់ទៀតហើយ ព្រោះជិតដល់ពេលបោះឆ្នោត។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលើកឡើងក្នុងសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនវ៉ៃយកទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នោះឡើយ។ នៅលើពិភពលោកនេះ ថ្លៃសាំងកំពុងកើនឡើង រាប់ទាំងប្រទេសផលិតប្រេងខ្លួនឯងផងដែរ ដូច្នេះរាជរដ្ឋាភិបាលបច្ចុប្បន្ន ក៏អត់មានសមត្ថភាពដោះស្រាយថ្លៃសាំងនោះដែរ។ ការថ្លែងបែបនេះ គឺដោយសារមានអ្នកខ្លះចូលមកខំមិនថា «សុំឲ្យលើកទ័ពទៅវ៉ៃយកកម្ពុជាក្រោម»។ សម្ដេចថា «សូមទៅវ៉ៃខ្លួនឯងទៅ កម្ពុជាក្រោមបាត់តាំងពីជំនាន់ណាណីនោះ មកឲ្យហ៊ុនសែនទៅវ៉ៃយក។ និយាយរឿងស្នេហាជាតិ តើអ្នកណាស្នេហាជាតិជាងព្រះបរមរតនកោដ្ឋទៀត ម៉េចក៏ព្រះអង្គមិនទៅយកកាលពេលព្រះអង្គកាន់អំណាចចន្លោះឆ្នាំ១៩៥៣មកទល់ឆ្នាំ១៩៧០ ហើយលន់ណុលម៉េចក៏មិនទៅយកកាលឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥»។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះគឺបានកើតឡើងកាលពីអតីតកាលមកម្ល៉េះ មិនអាចឲ្យសម្ដេចមកទទួលខុសត្រូវរែកពន់នោះទេ។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «បន្តិចទៀតរដូវទាមទារកម្ពុជាក្រោមមកដល់ ព្រោះជិតបោះឆ្នោត គេឈ្នះគេនឹងទៅយកកម្ពុជាក្រោម គេឈ្នះគេនឹងទៅយកកោះត្រល់»។ «បន្តិចទៀតក៏ដល់រដូវដេញថ្លៃសាំង បើខ្ញុំឈ្នះ ខ្ញុំនឹងបញ្ចុះតម្លៃសាំងឲ្យនៅត្រឹម២០០០រៀល ឬ៣០០០រៀល»។ សម្ដេចបានហៅការឃោសនានេះថា «រដូវអួតអាង» ដោយសម្ដេចបានចំអកថា «តិចទៀតរដូវអួតអាងនឹងមកដល់»។ សូមជម្រាបថា ទឹកដីកម្ពុជាក្រោមត្រូវបានអាណានិគមបារាំងបានកាត់ផ្ទេរទៅឲ្យវៀតណាមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ម៉ម ប៊ុនហេង សម្ពោធឱ្យប្រើប្រាស់អគារមន្ទីរពេទ្យ១ខ្នង នៅស្រុកជាំក្សាន្ត (ammhotnews)
អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម (ammhotnews)
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០២១ និងទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ammhotnews)
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ammhotnews)
ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ក្នុងស្រុកស្ទោង (ammhotnews)
វីដែអូ
ចំនួនអ្នកទស្សនា